រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ការបើកអាជីវកម្មហាងបញ្ចាំក្នុងទីផ្សារដ៏តូចចង្អៀតនៅប្រទេសកម្ពុជាមានការកើនឡើងយ៉ាងខ្លាំង។ ទន្ទឹមនឹងមានក្រុមហ៊ុនបញ្ចាំស្របច្បាប់កើតឡើងច្រើន កន្លែងហាងបញ្ចាំ ឬកុងស៊ីខុសច្បាស់ក៏បើកឡើងព្រោងព្រាតដែរ ដែលធ្វើឲ្យមានការព្រួយបារម្ភដល់ការរកស៊ីស្របច្បាប់ និងបង្កការប៉ះពាល់ដល់សង្គមផងដែរ។
កុងស៊ីបញ្ចាំស្របច្បាប់ គឺសំដៅទៅដល់កន្លែងទទួលបញ្ចាំនិងប្រាតិភោគដោយអនុប្រទានដែលបានទទួលអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីប្រកបអាជីវកម្មកុងស៊ីបញ្ចាំ ហើយត្រូវគោរពតាមលក្ខខណ្ឌ និងសៀវភៅបន្ទុកដូចមានចែងនៅក្នុងប្រកាសស្តីពីការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ។ សៀវភៅបន្ទុកបានចែងពីកាតព្វកិច្ចរបស់អ្នកទទួលបញ្ចាំ រួមទាំងការកត់ត្រានិងធ្វើរបាយការណ៍ទៅក្រសួងនិងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងបង់ពន្ធជូនរដ្ឋត្រឹមត្រូវទៅតាមច្បាប់កំណត់។
ដោយឡែកកុងស៊ីបញ្ចាំខុសច្បាប់ គឺជាកន្លែងបញ្ចាំដែលគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ ឬមានអាជ្ញាប័ណ្ណហើយ តែពុំបានគោរពទៅតាមគោលការណ៍ត្រឹមត្រូវច្បាស់លាស់។ ការទទួលបញ្ចាំមិនគោរពតាមច្បាប់ ធ្វើឲ្យកើតមានបញ្ហាហានិភ័យផ្សេងៗដល់សង្គមជាតិ។ មិនបង់ពន្ធ ធ្វើឲ្យខាតបង់ចំណូលជាតិ។
ជុំវិញទៅនឹងការកកើតច្រើននូវកុងស៊ី ឬកន្លែងបញ្ចាំខុសច្បាប់ និងខ្លះស្របច្បាប់ហើយ តែមិនគោរពទៅតាមគោលការណ៍ច្បាប់នោះ ត្រូវបានអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ព្រមានចាត់វិធានការ ដោយលើកឡើងថា បញ្ហាកុងស៊ីបញ្ចាំត្រូវតែគិតគូរឡើងវិញ វាជាហេតុផលមួយបង្កើតឲ្យមានចោរកម្មគ្រប់ប្រភេទ ពីព្រោះពេលដែលគេយកម៉ូតូទៅបញ្ចាំ មិនមានឯកសារច្បាស់លាស់ ក៏កុងស៊ីបញ្ចាំខ្លះ ទទួលយកដែរ នេះគឺជារឿងទោសទណ្ឌ។
អ្នករកស៊ីបញ្ចាំស្របច្បាប់សុទ្ធតែគាំទ្រចំណាត់ការរបស់អភិបាលរាជធានីភ្នំពេញដែលទើបតែឡើងកាន់តំណែងថ្មីនេះ។
លោក គុជ សេដ្ឋា ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុនបញ្ចាំស្របច្បាប់ដ៏ធំដែលមានឈ្មោះថា Cash-U-Up បាននិយាយថា ការលើកឡើងរបស់ចៅហ្វាយក្រុងភ្នំពេញ ពិតជាត្រឹមត្រូវចំពោះកុងស៊ីបញ្ចាំ ហាងបញ្ចាំទាំងឡាយណា ដែលមិនមានច្បាប់ត្រឹមត្រូវ ធ្វើការទទួលបញ្ចាំ ដោយគ្មានវិជ្ជាជីវៈច្បាស់លាស់។
យ៉ាងណាក៏ដោយចុះ បើតាមការលើកឡើងពីលោក គុជ សេដ្ឋា នាយកគ្រប់គ្រងទូទៅហាងបញ្ចាំ Cash-U-Up បានឲ្យដឹងថា និយាយពីការបើកស្របច្បាប់ វាបានផ្តល់ផលប្រយោជន៍ជាច្រើន ពិសេសបង្កើតការងារ ចំណូលពន្ធចូលជាតិផងដែរ។
ហើយហាងបញ្ចាំត្រូវបានពេញនិយម និងឲ្យតម្លៃពីអ្នកប្រើប្រាស់នៅទូទាំងសកលលោក ព្រោះវាអាចជួយបំពេញតម្រូវការសម្រាប់អ្នកត្រូវការហិរញ្ញវត្ថុបន្ទាន់ ហើយវាប្រើប្រាស់ពេលវេលាតិចប្រមាណតែ៣០នាទី ទៅ១ម៉ោងប៉ុណ្ណោះ ដើម្បីទទួលបានសេវាបញ្ចាំ។
រហូតមកដល់ពេលបច្ចុប្បន្ន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានផ្តល់អាជ្ញាប័ណ្ណបើកក្រុមហ៊ុន ឬហាងបញ្ចាំនៅទូទាំងប្រទេសកម្ពុជាប្រមាណជាង ៣៥០ក្រុមហ៊ុន និងហាងបញ្ចាំ។
បើយោងតាមការលើកឡើងពីលោក គុជ សេដ្ឋា ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុនបញ្ចាំស្របច្បាប់ដ៏ធំ Cash-U-Up បានឲ្យដឹងថា យ៉ាងណាក៏ដោយ លោកបានអះអាងថា មិនមែនក្រុមហ៊ុន ឬ ហាងបញ្ចាំទាំងអស់សុទ្ធតែមានប្រតិបត្តិការដូចគ្នានោះទេ។
លោក សេដ្ឋា បានពន្យល់ថា ក្រុមហ៊ុន ឬហាងបញ្ចាំដែលមាននិមិត្តសញ្ញាពណ៌បៃតង គឺជាហាងបញ្ចាំលក្ខណៈខ្នាតតូច និងក្រុមហ៊ុនដែលមាននិមិត្តសញ្ញាពណ៌ទឹកប្រាក់ ជាក់ស្ដែងក្រុមហ៊ុន Cash-U-Up គឺជាក្រុមហ៊ុនបញ្ចាំលក្ខណៈខ្នាតធំ អាចទទួលបញ្ចាំទ្រព្យមានតម្លៃខ្ពស់ច្រើនប្រភេទ ព្រមទាំងមានសាខាច្រើនកន្លែងផងដែរ។
ហាងបញ្ចាំត្រូវបានមនុស្សម្នាជាច្រើនស្គាល់ថា គឺជាកន្លែងសម្រាប់ដាក់របស់ទ្រព្យមានតម្លៃដើម្បីជាថ្នូរនឹងប្រាក់សុទ្ធ សម្រាប់យកទៅប្រើការចាំបាច់។
ប្រភពពីៈ ខេមបូណូមីស