តាមពិតហាងបញ្ចាំជាកន្លែងដោះទ័លដ៏ល្អបំផុត។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ការបើកអាជីវកម្មក្រុមហ៊ុន ឬហាងបញ្ចាំក្នុងទីផ្សារដ៏តូចចង្អៀតនៅកម្ពុជា មានការកើនឡើងយ៉ាងខ្លាំង។
ទន្ទឹមនឹងមានក្រុមហ៊ុន ឬហាងបញ្ចាំស្របច្បាប់កើតឡើងច្រើន ហាងបញ្ចាំខុសច្បាប់ក៏កើតឡើងព្រោងព្រាតដែរ។
លោក គុជ សេដ្ឋា ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុនបញ្ចាំស្របច្បាប់ដ៏ធំ ឈ្មោះ Cash-U-Up (ឃែស យូ អាប់) បានឲ្យដឹងថា រហូតមកដល់បច្ចុប្បន្ន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានផ្តល់អាជ្ញាប័ណ្ណបើកក្រុមហ៊ុន ឬហាង បញ្ចាំនៅទូទាំងប្រទេសកម្ពុជាប្រមាណជាង ៣៥០ក្រុមហ៊ុន និងហាងបញ្ចាំ។
យ៉ាងណាក៏ដោយ លោកបានអះអាងថា មិនមែនក្រុមហ៊ុន ឬហាងបញ្ចាំទាំងអស់សុទ្ធតែមានប្រតិបត្តិការដូចគ្នានោះទេ។
លោក សេដ្ឋា បានពន្យល់ថា ក្រុមហ៊ុន ឬហាងបញ្ចាំដែលមាននិមិត្តសញ្ញាពណ៌បៃតង គឺជាហាងបញ្ចាំលក្ខណៈខ្នាតតូច និងក្រុមហ៊ុនដែលមាននិមិត្តសញ្ញាពណ៌ទឹកប្រាក់ ជាក់ស្ដែងក្រុមហ៊ុន Cash-U-Up គឺជាក្រុមហ៊ុនបញ្ចាំលក្ខណៈខ្នាតធំ អាចទទួលបញ្ចាំទ្រព្យមានតម្លៃខ្ពស់ច្រើនប្រភេទ ព្រមទាំងមានសាខាច្រើនកន្លែងផងដែរ។
ហាងបញ្ចាំត្រូវបានមនុស្សម្នាជាច្រើនស្គាល់ថា គឺជាកន្លែងសម្រាប់ដាក់របស់ទ្រព្យមានតម្លៃដើម្បីជាថ្នូរនឹងប្រាក់សម្រាប់យកទៅប្រើការចាំបាច់។
ប៉ុន្ដែ មុខរបរមួយនេះហាក់ត្រូវបានមនុស្សមួយចំនួនយល់ច្រឡំថា ជារបរមិនសូវថ្លៃថ្នូរ ឬជារបរផ្លូវងងឹតជាដើម។ ជាមួយគ្នានេះ អ្នកទៅរកជាវសេវាកម្មពីហាងបញ្ចាំនេះទៀត ក៏ហាក់មានភាពខ្មាសអៀន មិនសូវហ៊ានចេញមុខចេញមាត់ដើរចេញចូលហាងបញ្ចាំប៉ុន្មានទេ ព្រោះពួកគេខ្លាចមជ្ឈដ្ឋានជុំវិញមើលមកថាខ្លួនអន់ ឬវាយតម្លៃក្នុងន័យអវិជ្ជមានផ្សេងទៀត។
យ៉ាងណាក៏ដោយចុះ បើតាមការលើកឡើងពីលោក គុជ សេដ្ឋា នាយកគ្រប់គ្រងទូទៅក្រុមហ៊ុនបញ្ចាំ Cash-U-Up បានឲ្យដឹងថា និយាយពីការបើកស្របច្បាប់ វាបានផ្តល់ផលប្រយោជន៍ជាច្រើន ពិសេស ចំណូលពន្ធចូលជាតិ។
ហើយ ហាងបញ្ចាំត្រូវបានពេញនិយម និងឲ្យតម្លៃពីអ្នកប្រើប្រាស់នៅទូទាំងសកលលោក ព្រោះវាអាចជួយបំពេញតម្រូវការសម្រាប់អ្នកត្រូវការហិរញ្ញវត្ថុបន្ទាន់ ហើយវាប្រើប្រាស់ពេលវេលាតិចប្រមាណតែ៣០នាទី ទៅ ១ម៉ោងប៉ុណ្ណោះ ដើម្បីទទួលបានសេវាបញ្ចាំ។
ដោយឡែក លោកថា នៅកម្ពុជា អាជីវកម្មនេះហាក់ត្រូវបានប្រជាជនមួយចំនួននៅតែយល់ច្រឡំ និងថា វាជាអាជីវកម្មអវិជ្ជមានមួយ ឬមិនស្របច្បាប់ជាដើម។
តាមពិតទៅ របរបញ្ចាំនេះ វាជួយសម្រួលដល់អ្នកដែលកំពុងមានតម្រូវការហិរញ្ញវត្ថុបន្ទាន់សម្រាប់ប្រើប្រាស់ផ្សេងៗ ដូចជា ដោះទ័លបញ្ហាគ្រួសារ និងការប្រកបអាជីវកម្មជាដើម ដែលទាំងនេះគឺជាកត្តាសំខាន់មួយក្នុងការរុញច្រានដល់កំណើនសេដ្ឋកិច្ចគ្រួសារពួកគេ ក៏ដូចជាសេដ្ឋកិច្ចសង្គម។
នៅពេលដែលត្រូវបានសួរសំណួរថា តើហាងបញ្ចាំរីកដុះដូចផ្សិតនេះ បង្ហាញពីសញ្ញាណអ្វីសម្រាប់សង្គម?
លោក គុជ សេដ្ឋា បានប្រាប់ឲ្យដឹងថា វាបញ្ជាក់ឲ្យឃើញពីភាពរីកចម្រើននៃវិស័យសេវាបញ្ចាំនេះ ពោលគឺហាក់កំពុងមានការទទួលស្គាល់ពីអ្នកប្រើប្រាស់កាន់តែច្រើនឡើង ប៉ុន្ដែ បើមានតិចតួច ហើយបើកលក្ខណៈលាក់លៀម គ្មានអាជ្ញាប័ណ្ណត្រឹមត្រូវពីអាជ្ញាធរ នោះទើបជាក្ដីកង្វល់ធំ ពីព្រោះពួកគេទាំងនោះអាចជាអ្នកទទួលសេវាផ្លូវងងឹត ឬផលចោរកម្មជាដើម។
យ៉ាងណាក៏ដោយ លោក សេដ្ឋា មើលឃើញថា បច្ចុប្បន្នចំពោះអ្នកប្រកបរបរបញ្ចាំស្របច្បាប់នៅកម្ពុជាមានច្រើន ហើយពួកគេមានគោលការណ៍និងឯកសារផ្លូវច្បាប់ច្បាស់លាស់សម្រាប់ផ្ដល់សេវាបញ្ចាំជូនអតិថិជន។ ដូច្នេះ វាមិនបានជះឥទ្ធិពលអាក្រក់ណាមួយដល់សង្គមនោះឡើយ។
ប្រភពពីៈ ខេមបូណូមីស